សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

​តុលាការ​សម្រេច​ឃុំខ្លួន​យាយ ព្រឿង ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​កាលពី​ថ្ងៃ​ទី​១៦​

​ភ្នំពេញ​៖ មេ​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​មិន​មាន​សមត្ថកិច្ច អាជ្ញាធរ រួម​ទាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ មិន​ហ៊ាន​ប៉ះពាល់​ក្នុង​មុខ​ជំនួញ​ឈើ​ល្មើសច្បាប់ រាល់​សកម្មភាព​ប្រមូល​ទិញ ដឹកជញ្ជូន ស្តុក​ទុក និង​បន្ត​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន បន្ទាប់​ពី​តំណាង​អយ្យការ ចោទប្រកាន់​ចំនួន​៣​បទល្មើស នា​ព្រលប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ ។​ មេឈ្មួញដ៏ល្បីឈ្មោះនោះ មានឈ្មោះថា «យាយ​ព្រឿង ហៅ ហេង សំនៀង» ។

​​ជនជាប់ចោទ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​នា​ព្រលប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់ពី​សមត្ថកិច្ច ក្រុមការងារ ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​នៅ​ទឹកដី​ខេត្ត​ស្ទឹងត្រែង រួច​ស្នើសុំ​ប្តូរ​សមត្ថកិច្ច​តុលាការ​ពី​សាលាដំបូង​ខេត្តស្ទឹងត្រែង មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ ។​

មេ​ឈ្មួញ​ឈើ​ល្មើសច្បាប់ ហេង សំនៀង ហៅ​យាយ​ព្រឿង ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​ប្រមូល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ប៉ុនប៉ង​លួច និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ ឃុំ អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃ​ទី​១២ ទី​១៣ ខែតុលា ឆ្នាំ​២០១៦ តាម​ប្បញ្ញត្តិ​មាត្រា​៩៨ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ និង​មាត្រា​៣៦១ និង​មាត្រា​៥០៣ នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​គួររំលឹកថា កម្លាំង​សមត្ថកិច្ច​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​ល្មើស​ច្បាប់​យ៉ាង​តិច​ជាង​២០​ម៉ែត្រគូប​នៅ​ចំណុច​ដី​ចម្ការ ក្នុងភូមិ ឃុំ​អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅ ដោយ​មាន​ការសហការ​ផងដែរ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង និង​មាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត ។​

​ក្រុម​ងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បានប្រគល់​ឈើ​ល្មើសច្បាប់​ទាំងនោះ​ទៅឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដឹកយក​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ដើម្បី​វាស់វែង ក្នុងនោះ មាន​ឈើ​ប្រណីត​ចំនួន​៦​រថយន្ត​សាំ​យ៉ុង និង​៦​រថយន្ត​បែន ប្រមាណ​ជាង​២០​ម៉ែត្រគូប ដែល​ការដឹកជញ្ជូន​វត្ថុតាង​នេះ ធ្វើ​រហូតដល់​ម៉ោង​១២​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ បាន​រួចរាល់ ។

​ក្រោយមក​នៅ​វេលា​ម៉ោង​៤​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល យាយ ព្រឿង បាន​ឃុបឃិត​គ្នា​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពងមាន់ ឈាន​ដល់​ឲ្យ​យាយ ព្រឿង យក​រថយន្ត​ចំនួន​២​គ្រឿង និង​កម្មករ​ចំនួន​១០​នាក់ ដើម្បី​ចូលមកក្នុង​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ដែល​ជា​កន្លែង​រក្សាទុក​វត្ថុតាង ដើម្បី​ឲ្យ​យាយ ព្រឿង ធ្វើ​សកម្មភាព​លួច​ឈើ​ទាំងនោះ ចេញពី​កន្លែង​រក្សាទុក តែ​សកម្មភាព​នេះ ត្រូវបាន​កម្លាំង សមត្ថកិច្ច​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃើញ​សកម្មភាព​នេះ ក៏​ធ្វើ​ការឃាត់ខ្លួន​យាយ ព្រឿង ក្នុង​បទល្មើស​ជាក់ស្តែង និង​បាញ់​គំរាម​១​គ្រាប់ ទើប​ក្រុម​កម្មករ​យ៉ាង​តិច​១០​នាក់ ត្រូវ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ។​

​ក្រោយពី​ឃាត់ខ្លួន​រួចមក កម្លាំង​សមត្ថកិច្ច​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក៏​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី ស្នើសុំ​ប្តូរ​សមត្ថកិច្ច​តុលាការ​ពី​សាលាដំបូង​ខេត្តស្ទឹងត្រែង ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ ។ ជនជាប់ចោទ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ចំនួន​០៣​បទល្មើស ហើយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ថា​ន់ ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​យាយ​ព្រឿង បណ្តោះអាសន្ន​ដាក់ពន្ធនាគា​រនា​ព្រលប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ ៕

 

IMG-20161017-WA0027 IMG-20161013-WA0040 IMG-20161017-WA0021

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 1685 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.