សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ យើងខ្ញុំ
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧

​សកម្មភាព​​រុករក​​រ៉ែមាស​​​យ៉ាង​អនា​ធិបតេយ្យ​នៅ​ភ្នំលុង កំពុង​​បំផ្លាញ​​ធនធានរ៉ែ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ

ខេត្តព្រះវិហារ ៖ ចំណុច​ភ្នំលុង​​ស្ថិតនៅ​ក្នុង​ទឹកដី​​ភូមិត្រពាំង​​ទទឹម ឃុំរម្យ​​ទម ស្រុក​រវៀង ខេត្តព្រះ​វិហារ កំពុងរង​​ការ​​បំផ្លាញ​​​ធ្ងន់​ធ្ងរ ដោយ​​ក្រុមឈ្មួញ​​ទុច្ចរិត​ឃុបឃិត​​ជាមួយ​សមត្ថកិច្ច ដោយ​​ប្រើ​កម្លាំង​កម្មករ​​រាប់សិប​​នាក់​ជីក​​កកាយ​​រុករករ៉ែមាស​យ៉ាង​អនា ធិប​តេយ្យ បង្កផល​​ប៉ះពាល់​​ដល់​បរិស្ថាន​​ភ្នំលុង ដែល​មាន​សុទ្ធសឹង​តែរណ្តៅ​ជម្រៅចាប់ពី ៥០ម៉ែត្រ ទៅដល់ជិត ១០០ម៉ែត្រ ឯណោះ ។ មេការ​ដែលឈរ​ជើងត្រួត​ត្រាលើ​សកម្មភាព​ជីករុក​រករ៉ែមាសនៅភ្នំលុងមានឈ្មោះ ថន អមដោយកម្លាំងចម្រុះ ចេញមុខ​ការពារនៅ​ចំណុចភ្នំលុងថែមទៀតផង ទើបប្រជាពលរដ្ឋ​នៅតំបន់នោះ​ដាក់ការ​សន្មត់ថា ជាសកម្មភាព​ឃុប​ឃិតជីក រករ៉ែមាស​ដោយ​ពុំមាន​ច្បាប់​ទម្លាប់អ្វី​នោះឡើយ ។

ប្រភពពីប្រជាពលរដ្ឋនៅតំបន់ភូមិត្រពាំងទទឹម បានអះអាងថា រយៈកាលកន្លងមកមានករណីបាក់ដីក្នុងអណ្តូងរ៉ែ មាសបង្កឱ្យ​ស្លាប់​ជាច្រើននាក់ ប៉ុន្តែការស្លាប់របស់កម្មករត្រូវបានគេលាក់បាំងដោះស្រាយស្ងាត់ៗដោយពុំទទួលបានការគាំពារ តាមផ្លូវ​ច្បាប់ឡើយ ។ ចំណែកកម្លាំងចម្រុះដែលមាននគរបាលនិងកងរាជអាវុធហត្ថឈរជើងការពារនៅភ្នំលុងបានធ្វើការអះ អាងថា ពួកគាត់មកតាមការបញ្ជាពីមេតែប៉ុណ្ណោះ រឿងអ្វីទៀតគឺពួកគាត់អត់បានដឹងនោះទេ ។ ហើយការថតយករូបភាព ក្នុងសកម្មភាពជីករុករករ៉ែមាសនៅភ្នំលុងក៏ត្រូវបានរារាំងដោយកម្លាំងចម្រុះដែលឈរជើងការពារនៅទីនោះថែមទៀតផង ហាក់បង្ហាញឱ្យឃើញថា សកម្មភាពរុករករ៉ែមាសរបស់មេការថនអាចមានបង្កប់នូវភាពមិនស្របច្បាប់ រួមទាំងប្រើកម្លាំង ការពារតាមការចំណាយលុយក្រៅផ្លូវច្បាប់ដើម្បីធានាដល់មុខរបរទុច្ចរិតតែប៉ុណ្ណោះ ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម មិនអាចទំនាក់ទំនងតាមទូរស័ព្ទបានឡើយ ដោយទូរស័ព្ទចូលហើយ ប្រព័ន្ធបិទដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវបានប្រព័ន្ធថ្មីឆ្លើយតបដែលជាជនបរទេសបញ្ជាក់ថា គាត់នៅធ្វើការក្នុងក្រសួងអភិវឌ្ឍន៍ ជនបទ ចំណែកលេខដែលទូរស័ព្ទចូលពេលមុនមិនមែនជាលេខទូរស័ព្ទរបស់លោក ស៊ុយ សែម ឡើយ (០១២ ៨០៥ ៨០៥)។ ទោះបីយ៉ាងណាមេការ ថន ដែលជាឈ្មួញធំក្នុងការធ្វើសកម្មភាពជីករករ៉ែមាសនៅភ្នំលុងធ្លាប់បានអះអាងតាម ទូរស័ព្ទថា សូមកុំឱ្យមានការចុះផ្សាយពីករណីជីករុករករ៉ែមាសនៅភ្នំលុង សូមទុកពេលរាប់អានគ្នាវិញល្អជាង ។

អភិបាលខេត្តព្រះវិហារលោក អ៊ុំ ម៉ារ៉ា មិនអាចទំនាក់ទំនងសុំការបំភ្លឺជុំវិញសកម្មភាពជីករុករករ៉ែមាសនៅភ្នំលុង បានឡើយដោយទូរស័ព្ទរោទិ៍តែពុំមានអ្នកទទួល ។ ទោះបីយ៉ាងណាមន្ទីរជំនាញរ៉ែ  និងថាមពលខេត្តព្រះវិហារគួរតែដឹងពី បញ្ហាជីករុករករ៉ែមាសនៅភ្នំលុងដើម្បីធានាដល់ការធ្វើអាជីវកម្មស្របតាមបទដ្ឋានរដ្ឋបាលទើបអាចធានាបានលើផលប៉ះពាល់ បរិស្ថានរួមទាំងអាយុជីវិតកម្មករដែលជួបភាពរងគ្រោះដោយប្រការណាមួយដូចករណីបាក់អណ្តូងរ៉ែមាសនៅខេត្តក្រចេះ ដែលតម្រូវឱ្យថៅកែចេញមុខទទួលខុសត្រូវលើសំណងកម្មករដែលស្លាប់ឱ្យបានសមរម្យដើម្បីឱ្យក្រុមគ្រួសារអាចទទួលយក បាន ។

ប៉ុន្តែករណីធ្វើអាជីវកម្មរុករករ៉ែមាសនៅភ្នំលុងក្នុងទឹកដីស្រុករវៀង ដែលប្រើកម្លាំងចម្រុះនគរបាល និងកងរាជអាវុធ ហត្ថចេញ​មុខ​ការពារហាក់បានបង្ហាញនូវសញ្ញាអាសន្នជាមុខរបរមិនស្របច្បាប់ដែលរដ្ឋហាក់ពុំបានគ្រប់គ្រងលើស្ថានភាពជីក កកាយរុករករ៉ែមាសដែលមានទំហំនៃផលប៉ះពាល់ក្នុងកម្រិតណាមួយដើម្បីវាយតម្លៃបានឡើយ ។ ចំពោះទិដ្ឋភាពក្រោមការ គ្រប់គ្រងរបស់មេការជីករុករករ៉ែមាសក៏ហាក់បានបង្ហាញឱ្យឃើញតាមរយៈឃុបឃិតប្រើអំណាចកម្លាំងចម្រុះដើម្បីការពារ មុខរបរទុច្ចរិតរបស់ខ្លួនតែប៉ុណ្ណោះ ។

សកម្មភាពធ្វើអាជីវកម្មរុករករ៉ែមាសបែបអនាធិបតេយ្យនៅចំណុចភ្នំលុងក្នុងភូមិត្រពាំងទទឹម ឃុំរម្យទម ស្រុករវៀង ខេត្តព្រះ​វិហារ បើគ្មានការឃុបឃិតដើម្បីស្វែងរកផលប្រយោជន៍ពីមន្ត្រីជំនាញទេនោះ ក៏មេឈ្មួញឈ្មោះ ថន មិនអាចធ្វើអាជីវកម្ម​រុករក​រ៉ែមាសដោយថែមទាំងមានកម្លាំងចម្រុះការពារបាននោះឡើយ ។ ស្ថិតក្នុងតួនាទីជាអភិបាលនៃ គណៈអភិបាល​ខេត្តព្រះ​វិហារ​មានអំណាចជាគណៈបញ្ជាការឯកភាពខេត្ត លោក អ៊ុំ ម៉ារ៉ា គួរតែដឹងពីការប្រើកម្លាំងចម្រុះខេត្ត ទៅការពារ​ឱ្យក្រុ​មឈ្មួញរុក​រករ៉ែមាសដោយគ្មានការលាក់លៀមបានឡើយ ។ លើកលែងតែអាជីវកម្មរុករករ៉ែមាសរបស់មេ ការឈ្មោះ ថន មានការ​ពាក់​ព័ន្ធ​រត់ការឃុបឃិតជាមួយមន្ត្រីជំនាញដែលអាចផ្តល់ផលប្រយោជន៍ឱ្យមន្ត្រីថ្នាក់ខេត្តទើបអាចធ្វើ សកម្មភាពខុស​ច្បាប់​ដោយ​ប្រើកម្លាំងចម្រុះនគរបាល និងកងរាជអាវុធហត្ថមកការពារសកម្មភាពទុច្ចរិតបាន ៕ ដោយ ៖ ជ.ត

2014_01_15 (6) 2014_01_15 (4)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដានសង្គម, ព័ត៌មានថ្មី, ស្រាវជ្រាវ និង សង្គម

Recent Posts

Bookmark and Promote!

© 1887 ខេមរបុត្រ | Khemarakbott News. All rights reserved. XHTML / CSS Valid.